នំខ្មែរ នំគ្រក់ ការពិតឈ្មោះនេះកើតចេញពីគ្រាមភាសាអញ្ចឹងសោះ!

ហេតុអ្វីបានគេហៅថានំគ្រក់, នំគ្រក់ គឺ នំខ្មែរជំនាន់ដើម ដែលគេធ្វើអំពី បាយកកកិន លាយម្សៅអង្ករ ដាក់ខ្ទិះដូង ចាក់ក្នុងអំបែងដី ដែលមានរាងជារន្ធតូចៗ សម្រាប់ចាក់ ហើយយកដាក់ ផ្គួបផ្គុំគ្នា ដើម្បីអោយកើតជាប្រអប់ៗ សម្រាប់ឆាប់ឆី ដោយដៃ។ ១- គេដាក់ឈ្មោះថា នំគ្រក់ នេះ ដើម្បីកុំអោយច្រឡំគ្នា ជាមួយនំអំបែងដទៃៗ ទៀត ដោយមូលហេតុ សាមញ្ញ ទីមួយ គឺ ពេលណា គេចាក់ម្សៅ ចូលក្នុងអំបែងក្តៅ ដែលមានលាប ខ្លាញ់រលោង នំនេះ បានអោយ សម្លេង សូរឈីវ ហើយក៏ពុះគ្រក់ៗ លុះនំបានកក ឆ្អិនបន្តិចហើយ តែនៅឆៅកណ្តាលបន្តិចៗ គេចាប់គាស់នំចេញពី រន្ធអំបែងមួយ ទៅផ្គួបផ្គុំ ជាមួយនំ នៅក្នុងរន្ធអំបែង មួយទៀត រួចគេក៏បង្វិល ប្រអប់នំ សាចុះសាឡើង អោយឆ្អិនសព្វ អោយក្រហមស្រួយ ផ្នែកសំបកក្រៅ តែទន់ឈ្ងុយឆ្ងាញ់ នៅសាច់ខាងក្នុង។
   
២- មតិចាស់ៗមួយចំនួនទៀត បានមានប្រសាសន៍ថា ពាក្យហៅនំគ្រក់នេះ គឺបានក្លាយមកពី គ្រាមភាសា ប្រើជាប្រជាប្រិយ ក្នុងភូមិស្រុក ជាប្រយោគពេញ ថា នំអំបែងគ្រក់ ដែលមានពាក្យ គ្រក់ ជាភាសាកម្លាយ មកពីពាក្យគ្រលាស់ ថា “គ្រក់ម៉ោប្លោក ក្រោកម៉ោភ្លក្ស” ព្រោះនំនេះគេច្រើនធ្វើ ពេលព្រឹកព្រហាម សល់បាយកកពីល្ងាច មិនដឹងធ្វើអីអោយឆ្ងាញ់ ក៏បង្កើតការបង់ក្លាយបាយកក មកជានំគ្រក់ចាក់អំបែង ដ៏ឆ្ងាញ់ពិសារនេះ ដើម្បីទាក់ទាញមនុស្ស អោយក្រោកពីដំណេក មកជួបជុំគ្នា ឆីលេងជុំគ្រួសារ និង ជុំញាតិ យ៉ាងសប្បាយអឺងកង។ 

 
៣- បន្ថែមពីលើនេះទៀត មានមតិចាស់ៗមួយចំនួនដទៃទៀត បានមានប្រសាសន៍ ជាពិសេសថា កាលជំនាន់ដើម ខ្មែរយើងមានជំនឿមួយ ដែលខ្មែរជឿតៗគ្នាថា ប្រទេសខ្មែរមានអារក្សមួយ ជាអ្នករក្សាគ្រប់គ្រងទឹកទន្លេ និង ដីវាលទំនាប ជុំវិញទន្លេសាប។ អារក្សនេះ មានឈ្មោះថា គ្រក់ មានមាឌធំ ក្បាលពោះកំពីង ស៊ីច្រើន ហើយចូលចិត្តដេកស្រមុក ឮសូរគ្រក់ៗ លាន់ខ្ទ័រទឹកទន្លេ។ ជាប្រក្រតី នៅពេលមាន បុណ្យទានម្តងៗ អ្នកស្រុកតែងយកចំណី អាហារទៅសែនព្រេន នៅរោងអារក្សទន្លេនេះ ដើម្បីសុំសុខ កុំអោយអារក្ស បង្កទឹកជំនន់ ខ្យល់ព្យុះ បោកបក់ លិចខ្ទមអ្នកស្រុកក្រីក្រ ដែលរស់នៅតំបន់ដីទំនាប ទាំងឡាយ។ នៅរដូវទឹកឡើង អ្នកស្រុកអ្នកភូមិ ដែលរស់នៅទន្លេ ភាគច្រើន ពុំសូវមានស្រូវអង្គរ គ្រប់គ្រាន់ នឹងបរិភោគឡើយ ព្រោះពួកគេរស់នៅ តំបន់ទឹកលិច មានការធ្វើដំណើរ ទៅណាមកណាពិបាក។ រីឯស្រូវជង្រុក ជួនកាលក៏ត្រូវទឹកជំនន់ បំផ្លាញអស់ ពុំសូវមានអ្វីបរិភោគគ្រប់គ្រាន់ឡើយ ក្រៅពីសាច់ត្រី។ លុះនៅពេលបុណ្យភ្ជុំម្តងៗ អ្នកស្រុកក្រីក្រខ្លះ ពុំមានអង្ករគ្រប់គ្រាន់ សម្រាប់វេចនំ យកទៅសែនព្រេន អារក្សរក្សាទន្លេ ដើម្បីធ្វើបុណ្យជូនដូនតា អោយបានដូចគេ ក៏បបួលនាំគ្នាបំភ្លៃ រចនា រសជាតិបាយកក ដោយកិនលាយម្សៅ ដាក់ខ្ទិះដូង ចាក់ផាត់ជានំអំបែង តម្រៀបក្នុងជាលរពាក់ ទ្រាប់ស្លឹកចេក រួចយកទៅសែនព្រេន ថ្វាយដូនតា និង វិញ្ញាណសក្តិសិទ្ធិ ដែលនៅរក្សាទន្លេ។ នៅសម័យបុរាណនោះ អ្នកស្រុកតែងតែ និយមហៅនំនេះថា នំអំបែងសែនអារក្សគ្រក់។ ចំណេរតៗ យូរលង់ក្រោយមក នំនេះ បានត្រូវគេហៅកាត់ថា នំគ្រក់ៗ យ៉ាងប្រជាប្រិយទៅវិញ។
   
អ្នកស្រី កែវ ច័ន្ទបូរណ៍ / Chanbo Keo

Comments